គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ខនហ្វីរេលទទួលបានការគាំទ្រពីកម្មវិធី Harvest III

កាលបរិច្ឆេទ: ០៧ វិច្ឆិកា ២០២៣ / ម្ហូបអាហារ

កាលពីខែមុន សេចក្តីប្រកាសមួយបានឲ្យដឹង Harvest III ដែលជាកម្មវិធីកសិកម្មរបស់កិច្ចសហប្រតិបត្តិការអាមេរិកនៃអង្គការ USAID បង្កើតឡើងដើម្បីជួយជ្រោមជ្រែងដល់ការអភិវឌ្ឍន៍ការផលិត និងកែច្នៃផលិតផលកសិកម្មនៅកម្ពុជា បានជ្រើសរើសក្រុមហ៊ុនខនហ្វីរេលជាថ្មីម្តងទៀតដើម្បីទទួលបានកញ្ចប់ជំនួយពីកម្មវិធីនេះ។

កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនខនហ្វីរេលរហូតឈានទៅទទួលបានជំនួយពីអង្គការ USAID សង្កត់ធ្ងន់ទៅលើចំណុចបួនគឺ ការបង្កើតផលិតផលថ្មីៗ និងបង្កើតខ្សែសង្វាក់ផលិតកម្មថ្មី ពង្រឹងគុណភាពសុវត្ថិភាពចំណីអាហារនៅផ្នែកផលិតរបស់ខ្លួន ចូលរួមចំណែកបណ្តុះបណ្តាលកសិករខ្មែរមុន និងក្រោយការផលិតផ្នែកម្រេច ស្ករត្នោត ស្វាយ និងកាកាវ និងបានចុះហត្ថលេខាលើកិច្ចសន្យាទទួលទិញជាមួយកសិករ និងសមាគមអ្នកផលិត។

កញ្ចប់ថវិកានេះនឹងជួយក្រុមហ៊ុនអភិវឌ្ឍខ្លួនដើម្បីបន្តបំពេញបេសកកម្មរបស់ខ្លួនក្នុងការចូលរួមចំណែកបង្កើនប្រាក់ចំណូលរបស់កសិករតាមរយៈការលក់ផលិតផលចំណីអាហារប្រកបដោយគុណភាពខ្ពស់ និងមានប្រយោជន៍សម្រាប់សុខភាពរបស់អ្នកប្រើប្រាស់។

នេះជាលើកទីពីរហើយដែលក្រុមហ៊ុនខនហ្វីរេលត្រូវបានកម្មវិធី Harvest III ជ្រើសរើសផ្តល់​ជំនួយ សបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា ក្រុមហ៊ុនដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ជនបទ និងឯករាជ្យភាពផ្នែកចំណីអាហារនៅកម្ពុជា។

បង្កើតឡើងនៅឆ្នាំ២០២២សម្រាប់រយៈពេល៥ឆ្នាំ Harvest III ដែលមានឈ្មោះមួយទៀតគឺ Feed The Future Cambodia Harvest III គឺជាកម្មវិធីដែលមានកញ្ចប់ថវិកាសរុបទាំងអស់២៥លានដុល្លារ សម្រាប់លើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងទូទៅ​ តាមរយៈការបង្កើនភាពចម្រុះ និងសមត្ថភាពប្រកួតប្រជែងនៃវិស័យកសិកម្មកម្ពុជា។ កម្មវិធីនេះឧបត្ថម្ភដោយ Feed the Future របស់រដ្ឋាភិបាលអាមេរិក និងគ្រប់គ្រងដោយអង្គការ USAID។

ថ្លែងនៅក្នុងពិធីបើកកម្មវិធី លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា W. Patrick Murphy បានឲ្យដឹងថា៖ «រដ្ឋាភិបាលអាមេរិកបានវិនិយោគជិត១០០លានដុល្លារក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភផង និងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរផង តាមរយៈការពង្រឹងវិស័យកសិកម្មនៅកម្ពុជា»។ ក្នុងបរិបថនៃវិបត្តិចំណីអាហារពិភពលោក វាមានសារៈសំខាន់ដែលកម្ពុជាត្រូវតែពង្រឹងសុវត្ថិភាពចំណីអាហាររបស់ខ្លួន ហើយកម្មវិធី Harvest III ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាកអាមេរិកដើម្បីគោលបំណងមួយនេះ។

កម្មវិធី Harvest III ធ្វើការជាមួយសហករណ៍កសិកម្ម អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងដៃគូសហការផ្សេងៗទៀត ដើម្បីអភិវឌ្ឍកម្លាំងពលកម្មដែលមានសមត្ថភាពខ្ពស់ បង្កើតការងារ និងចាប់យកឱកាសទីផ្សារកសិកម្មតាមរយៈការធ្វើការជាមួយវិស័យឯកជន។ គម្រោងនេះពឹងផ្អែកទៅលើការវិនិយោគដែលធ្វើរួចមកហើយដោយអង្គការUSAID ប្រចាំនៅកម្ពុជា ដើម្បីលើកកម្ពស់ឱកាសសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព​ និងបច្ចេកទេសកសិកម្មដ៏ប៉ិនប្រសប់ ដើម្បីប្រឈមមុខនឹងអាកាសធាតុ។ ដោយសហការជាមួយក្រុមហ៊ុនសហគ្រាសដែលធ្វើការនៅលើទីផ្សារកសិកម្ម គម្រោងនេះចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាជនខ្មែរ ជាពិសេសស្រ្តី យុវវ័យ និងប្រជាជនក្រីក្រ។ ក្នុងរយៈពេលប្រាំឆ្នាំនេះ ទីភ្នាក់ងារ USAID គ្រោងថានឹងមានការវិនិយោគថ្មីលើវិស័យឯកជនដែលមានទឹកប្រាក់៣៨លានដុល្លារអាមេរិក នឹងផ្តល់ការងារដល់ប្រជាពលរដ្ឋជាង៣០០០នាក់ នឹងជួយក្រុមហ៊ុនសហគ្រាស និងអ្នកផលិតដំណាំកសិកម្មឲ្យទទួលបានហិរញ្ញប្បទាន១៥លានដុល្លារសម្រាប់ធ្វើកសិកម្ម និងបង្កើតប្រាក់ចំណូល១០០លានដុល្លារដែលបានមកពីការលក់ផលិតផលកសិកម្ម៕